ភ្នំពេញៈ មួយថ្ងៃបន្ទាប់ពីគ្រាប់បែកត្រូវបានគេបំផ្ទុះនៅក្នុងទីក្រុងបាងកកប្រទេសថៃដែលសម្លាប់មនុស្ស ២០ នាក់ និងរបួស ១២៣ នាក់អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យមេបញ្ជាការនគរបាលទាំងអស់នៅកម្ពុជាយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា៖ «ចាប់តាំងពីព្រឹកព្រលឹមខ្ញុំបានផ្ញើសារទៅគ្រប់មេបញ្ជាការនគរបាលឲ្យទទួលខុសត្រូវខ្ពស់ក្នុងការបង្ការស្ថានភាពដែលមិនរំពឹងទុកដែលអាចកើតឡើងក្នុងប្រទេសកម្ពុជា។ រហូតមកដល់ម៉ោងនេះយើងមិនទាន់ឃើញបញ្ហាអ្វីទេប៉ុន្តែថៃគឺជាប្រទេសជិតខាងរបស់យើងដូច្នេះយើងមិនអាចមិនអើពើលើស្ថានការណ៍នោះទេ»។
លោក ច័ន្ទថារិទ្ធ បានឱ្យដឹងថានគរបាលបានរកឃើញគ្រាប់មីនមួយគ្រាប់តាមផ្លូវទៅកាន់តំបន់អង្គរនៅខេត្តសៀមរាបប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់បែកនៅបាងកកទេ។ លោកថ្លែងថាមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានយកគ្រាប់មិនទាន់ផ្ទុះនោះចេញពីកន្លែងនោះដែលសង្ស័យថានរណាម្នាក់បានបោះវាទៅកន្លែងនោះ។
លោកបន្ថែមថា៖ «មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានសន្និដ្ឋានថាវាមិនមែនជាការប៉ុនប៉ងបំផ្ទុះគ្រាប់បែកទេហើយគ្មានការសង្ស័យនៃការបំផ្ទុះគ្រាប់បែកពាក់ព័ន្ធនឹងទីក្រុងបាងកកទេប៉ុន្តែយើងនៅតែបន្តការស៊ើបអង្កេតដើម្បីឱ្យច្បាស់លាស់ថាគ្មានជាប់ពាក់ព័ន្ធទេ»។
បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាគ្រាប់មីនដែលគេប្រទះឃើញនោះគឺជាគ្រាប់មីនរុស្ស៊ី OZM-4 គឺជាកាកសំណល់កាលពីសម័យសង្គ្រាមក្នុងទស្សវត្សរ៍ឆ្នាំ ៨០ ដែលមិនអាចផ្ទុះបានទេ។ លោកថ្លែងកាលពីម្សិលមិញថា៖ «វាមិនផ្ទុះទេលើកលែងតែយើងភ្ជាប់ខ្សែខ្លាំងនៅកៃបន្ទះតូចហើយបន្ទាប់មកមានគេជាន់លើខ្សែ»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅលើទំព័រ Facebook ដោយអំពាវនាវឲ្យរឹតបន្តឹងសន្តិសុខហើយបានសម្តែងការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះនៅប្រទេសថៃ។
យោងតាមទំព័រ Facebook ដែលដាក់ឈ្មោះលោក ហ៊ុន សែន បានសរសេរថា៖ «ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះមានស្ថានភាពអាក្រក់កើតឡើងជាបន្តបន្ទាប់ដូចជាគ្រោះថ្នាក់ផ្ទុះឃ្លាំងនៅកំពង់ផែ Tianjin ប្រទេសចិនដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សអស់ ១១៤ នាក់ និងបាត់ខ្លួន ៧០ នាក់ ហើយថ្មីៗនេះផងដែរក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសឥណ្ឌូនេស៊ីដែលបានធ្វើឲ្យមនុស្សស្លាប់អស់ ៥៤ នាក់ទៀត»។
លោកបន្តថាកាលពីយប់ថ្ងៃចន្ទក៏មានអំពើដាក់គ្រាប់បែកឲ្យផ្ទុះនៅកណ្តាលទីក្រុងបាងកកដែលបានសម្លាប់មនុស្សអស់ ១៨ នាក់ និងរបួស ១១៧ នាក់។
លោកបន្តថា៖ «កម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារអ្នករងគ្រោះទាំងអស់នៃប្រទេសជាមិត្តទាំងអស់»។ ទន្ទឹមនឹងនេះលោកបានជំរុញឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងប្រកបការងារ ឬធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសថៃត្រូវមានការប្រុងប្រយ័ត្ន និងចៀសឲ្យឆ្ងាយទីប្រជុំជន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថាក្រសួងបានណែនាំដល់មន្រ្តីស្ថានទូតនៅទីក្រុងបាងកកឲ្យទាក់ទងពលរដ្ឋកម្ពុជាឲ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីករណីផ្ទុះគ្រាប់នេះ។
លោកបញ្ជាក់ថា៖ «មន្រ្តីរបស់យើងនៅស្ថានទូតកម្ពុជាប្រចាំនៅក្រុងបាងកកនៅតែបន្តតាមដានស្ថានភាពនៅទីនោះហើយរហូតមកដល់ពេលនេះពុំមានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសដែលជាប្រជាជនកម្ពុជានៅក្នុងប្រទេសថៃទេ»៕
http://www.postkhmer.com/
0 comments:
Post a Comment