Wednesday, June 29, 2016

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៧:៤៥   (30-06-2016 07:45)
រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ ដក​តំណែង និង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍​មួយ​រូប ព្រមទាំង​បណ្ដេញ​ចេញពី​នគរបាល ដើម្បី​ព្រមាន​ដល់​អ្នកមាន​អំណាច​ទាំងអស់​ឲ្យ​ចេះ​គោរព​ច្បាប់ ចេះ​ប្រើ​ពាក្យ​សំដី មាន​សុជីវធម៌ មានគុណ​ធម៌ និង​សីលធម៌ ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​កាលពី​វេលា​ម៉ោង​១ និង​២៨​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ថា ៖ «​ខ្ញុំ​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ស្តាប់​សារ​ចុះ​សារ​ឡើង​នូវ​ការ​និយាយ​របស់ លោក​ឧត្តមសេនីយ៍ ។ ពាក្យ​(​អា​ប៉ូ​លី​ស​ចរាចរណ៍​)​ជា​ពាក្យ​មិន​ត្រឹមតែ​ប្រមាថមើលងាយ​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រមាថ​ដល់​ស្ថាប័ន​នគរបាល​ចរាចរណ៍​ទាំងមូល​» ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ទៀត​ថា «​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ​ថា គាត់​ជា​ប៉ូ​លី​ស​បែរជា​ប្រើ​ពាក្យ «​អា​ប៉ូ​លី​ស​» ចុះ​ទំ​រាំ​ប្រជាជន​ធម្មតា គាត់​ហៅ​យ៉ាងម៉េច​ទៀត​នៅ​ពេល​គាត់​ខឹង? ។ ខ្ញុំ​អត់​មាន​ជម្រើស​ឱ្យ​ល្អ​ក្រៅពី​សំរេចចិត្ត​ទាំង​ការ​ឈឺចាប់ និង​សោកស្តាយ ដើម្បី​ដក​តំណែង និង ឋានន្តរស័ក្តិ ព្រមទាំង​បណ្តេញ​គាត់​ចេញពី​នគរបាល​ប៉ុណ្ណោះ ។ នេះ​ជា​គំរូ​សំរាប់​អ្នកមាន​អំណាច​ទាំងអស់​ឱ្យ​ចេះ​គោរព​ច្បាប់ ចេះ​ប្រើ​ពាក្យ​សំដី​មាន​សុជីវធម៌ មានគុណ​ធម៌ និង​សីលធម៌​» ។
ជា​ចុង​ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា «​ខ្ញុំ​ក៏​សុំ​អំពាវនាវ​ផង​ដែរ ចំពោះ​នគរបាល​ចរាចរណ៍​សុំ​មាន​ពាក្យ​សំដី និង​អ​កប្ប​កិរិយា​ថ្លៃថ្នូរ​ចំពោះ​ប្រជាជន បើ​ទោះជា​គាត់​មានការ​រំលោភច្បាប់​ដោយ​អ​ចេតនា ឬ​ដោយ​ចេតនា​ក្តី​» ។
សូម​បញ្ជាក់​ថា ការ​សម្រេច​ដក​តួនាទី និង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍​មួយ​រូប​នោះ ធ្វើ​ឡើង​បន្ទាប់​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់​ឈ្មោះ សូត្រ កញ្ញា អត្តលេខ​៦៧៩៦៨ បាន​សុំ​កិច្ច​អន្ដរាគមន៍​ពី​សម្ដេច​ក្រឡា​ហោ ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ព្រោះ​ត្រូវ​អង្គភាព​របស់​ខ្លួន​ដក​បញ្ឈ​ជើង បន្ទាប់​ពី​មន្ដ្រី​នគរបាល​ចរាចរណ៍​រូប​នេះ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9562 ដែល​បាន​បើក​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរ ប៉ះ​ចំ​រថយន្ដ​លោ​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​៣​ម្នាក់ ដែល​ត្រូវ​គេ​ទម្លាយ​ថា គឺ​លោក ម៉​ម ស្រ៊ី​វ​ណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ សុវណ្ណ រី​ហ្គេ​ន បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ៕

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts