កុមារីរងគ្រោះអាយុ ១៣ឆ្នាំម្នាក់រស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលត្រូវជនល្មើសចន្លោះពី ៥នាក់ទៅ ៦នាក់ចាប់រំលោភកាលពីដើមសប្ដាហ៍នេះ បានដង្ហោយរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជួយស្វែងរកយុត្តិធម៌។
សារដង្ហោយរកកិច្ចអន្តរាគមន៍នេះ កើតឡើងក្រោយពេលតុលាការសាលាដំបូងខេត្តព្រះសីហនុ បានដោះលែងជនសង្ស័យ ២នាក់ក្នុងចំណោម ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាន និងត្រូវកុមារីរងគ្រោះចោទថា បានបង្ខាំងរូបនាងទុកក្នុងបន្ទប់បង្ខំឲ្យប្រើគ្រឿងញៀន និងចាប់រំលោភបូកជាច្រើននាក់។
កុមារីរងគ្រោះអាយុ ១៣ឆ្នាំ ដែលវិទ្យុអាស៊ីសេរី ស្នើមិនបង្ហាញឈ្មោះមានទីលំនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចោទមន្ត្រីតុលាការខ្លះនៃសាលាដំបូងខេត្តព្រះសីហនុ ថាបានដោះលែងជនល្មើសក្នុងសំណុំរឿងព្រហ្មទណ្ឌចាប់រំលោភផ្លូវភេទចំនួន ២នាក់ក្នុងចំណោម ៥នាក់ ដែលសមត្ថកិច្ចនគរបាលចាប់ខ្លួនបានកាលពីថ្ងៃទី១១ ខែសីហា។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាការិយាល័យសមាគមអាដហុក (adhoc) ប្រចាំខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា កុមារីរងគ្រោះដែលមានរូបកាយស្លេកស្លាំង និងស្គមស្គាំងផងនោះ បានលើកដៃសំពះទាំងខ្លួនញ័រចំប្រប់ ទទូចស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឲ្យជួយអង្កេតទៅលើនីតិវិធីរបស់តុលាការ ឬរបាយការណ៍របស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលឈានដល់ដោះលែងជនល្មើសដែលបានផ្សំគំនិត និងចាប់រំលោភរូបនាង។ កុមារីរងគ្រោះត្រូវជនល្មើសប្រមាណ ៦នាក់ បង្ខាំងក្នុងបន្ទប់រយៈពេល ២ថ្ងៃ បង្ខំឲ្យប្រើគ្រឿងញៀន និងចាប់រំលោភបូកជាច្រើននាក់។ កុមារីរងគ្រោះបានបញ្ជាក់ថា ក្នុងចំណោមជនល្មើសពី ៥នាក់ទៅ ៦នាក់ ដែលបានផ្សំគំនិត និងចាប់រំលោភរូបនាង គឺមានជនល្មើសម្នាក់ក្នុងចំណោមនោះ បានទាក់ទងស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ក្នុងរយៈពេលខ្លី មុននឹងត្រូវជនល្មើសល្បួងឲ្យទៅដើរលេងជាមួយនៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយត្រូវបក្ខពួកជនល្មើសបង្ខាំងទុកក្នុងបន្ទប់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែសីហា ដោយគំរាមឲ្យប្រើគ្រឿងញៀន និងបង្ខំចាប់រំលោភ។
កុមារីរងគ្រោះបន្តថា នៅពេលរូបនាងបាត់ដំណឹងពីផ្ទះ ទើបម្តាយនាងបានទៅប្ដឹងប៉ូលិសស្រុកកំពង់សីលា ហើយនៅថ្ងៃទី១១ ខែសីហា ជួនពេលជនល្មើសជូននាងវិលមកផ្ទះវិញ ក៏ត្រូវប៉ូលិសស្ទាក់ចាប់ជនល្មើសចំនួន ៥នាក់ទៅតាមពាក្យបណ្ដឹងម្តាយ។ ទោះជាបែបនេះក្តី ក្រោយប៉ូលិសកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់តុលាការ កាលពីថ្ងៃទី១៤ ខែសីហា តុលាការក៏បានដោះលែងជនល្មើស ២នាក់ឲ្យមានសេរីភាពវិញ។
រៀបរាប់ក្នុងកាយវិការអស់កម្លាំងល្ហិតល្ហៃដៃជើង កុមារីរងគ្រោះបានរៀបរាប់ថា រូបនាងមានការឈឺចាប់ទ្វេឡើង នៅពេលដឹងថា តុលាការបានដោះលែងជនល្មើស ២នាក់ក្នុងចំណោម ៥នាក់ ដែលប៉ូលិសចាប់ខ្លួនឲ្យមានសេរីភាពទាំងតក់ក្រហល់។ បន្ថែមលើនេះ ម្តាយកុមារីរងគ្រោះ បានចាត់ទុក ការដោះលែងជនល្មើស ២នាក់ឲ្យមានសេរីភាព ថាមានភាពអយុត្តិធម៌បំផុតមកលើកូនស្រីគាត់ នៅមុនពេលត្រូវបញ្ជូនមកដល់ដៃតុលាការ មានអ្នករត់ការបន្ធូរបន្ថយបទចោទពីផ្នែកពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ ម្តាយកុមារីរងគ្រោះ បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នដទៃទៀត ឲ្យជួយអង្កេត និងរកយុត្តិធម៌ជូនកូនស្រីដែលទើបមានអាយុ ១៣ឆ្នាំ៖ «ជួយរកយុត្តិធម៌ជូនកូនស្រីខ្ញុំផង ព្រោះតុលាការបានដោះលែងជនល្មើស ២នាក់ក្នុងចំណោម ៥នាក់ ដែលផ្សំគំនិតនាំកូនស្រីខ្ញុំទៅឲ្យមិត្តភ័ក្ដិរបស់គេចាប់រំលោភ។ ការដែលតុលាការអនុញ្ញាត ឬលើកលែងការចោទ ដោយអនុញ្ញាតឲ្យជនល្មើស ២នាក់បាននៅក្រៅឃុំនេះ មានភាពអយុត្តិធម៌សម្រាប់កូនស្រី និងគ្រួសារខ្ញុំបំផុត ព្រោះជនល្មើសរូបនេះជាអ្នកហៅកូនខ្ញុំទៅឲ្យមិត្តភ័ក្ដិចាប់រំលោភ ហើយនៅក្នុងសកម្មភាពនោះ កូនស្រីខ្ញុំក៏បានហៅជនឈ្មោះ វីដ ឲ្យជួយ ប៉ុន្តែជនល្មើសរូបនេះមិនជួយទេ ហើយថា ការស្រាវជ្រាវរកឃើញ និងចាប់ជនល្មើសបាននេះ គឺប៉ូលិសបានស្រាវជ្រាវទៅតាមទូរស័ព្ទរបស់ជនល្មើសដែលបានទាក់ទងឆ្លើយឆ្លងជាមួយកូនស្រីខ្ញុំ ឲ្យទៅដើរលេងជាមួយបក្ខពួកខ្លួន»។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នាការិយាល័យសមាគមអាដហុក ខេត្តព្រះសីហនុ ទាំងមានអាការៈហឹងត្រចៀក និងងងឹតមុខផង ម្តាយកុមារីរងគ្រោះ បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារខ្លួន ក្រោយតុលាការខេត្តព្រះសីហនុ ដោះលែងជនល្មើសផ្សំគំនិតរំលោភកូនលោកស្រីចំនួន ២នាក់ឲ្យរួចផុតពីការចោទប្រកាន់៖ «ជនល្មើសជូនកូនស្រីខ្ញុំវិលមកផ្ទះវិញនេះ គឺដោយបែកការថា ឪពុកម្តាយបានទៅតាមរកកូន ទើបជនល្មើសជូនកូនខ្ញុំវិលមកផ្ទះវិញ»។
ទាក់ទងបញ្ហានេះដែរ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងដែរថា យុវជនល្មើសដែលល្បួងកុមារីរងគ្រោះយកទៅបង្ខាំងរំលោភទាំងនោះ ជាក្រុមប្រើប្រាស់គ្រឿងញៀន ហើយកុមារីរងគ្រោះក៏ត្រូវក្រុមជនល្មើសទាំងនោះ បង្ខំឲ្យប្រើគ្រឿងញៀនជាមួយពួកគេថែមទៀត។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់ និងមានមន្ទិលសង្ស័យទៅលើការដោះលែងជនសង្ស័យរំលោភផ្លូវភេទទៅលើអនីតិជន របស់តុលាការខេត្តព្រះសីហនុ ថាទំនងជាអាចផ្ដើមដោយរបាយការណ៍ប៉ូលិស៖ «អ្នកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាឆ្លើយថា ការដោះលែងជនសង្ស័យទាំង ២រូប គឺដោយយោងទៅលើរបាយការណ៍ប៉ូលិសថា មិនមានជាប់ពាក់ព័ន្ធបទល្មើសរំលោភផ្លូវភេទនេះទេ ប៉ុន្តែខ្ញុំសង្ស័យថា របាយការណ៍ប៉ូលិសនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានភាពមិនប្រក្រតីជាច្រើន»។
ដូចគ្នាដែរ លោក ឃុន សាវឿន មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ដែលបានតាមសំណុំរឿងនេះ បានបង្ហាញមន្ទិលសង្ស័យជុំវិញការដោះលែងជនសង្ស័យ ២នាក់របស់តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា។ មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា នឹងតាមដានសំណុំរឿងនេះឲ្យបានដិតដល់ ដើម្បីជួយរកយុត្តិធម៌ជូនកុមារីរងគ្រោះ ដែលកុមារីរងគ្រោះអះអាងថា អាចមានជនល្មើសច្រើនជាង ៦នាក់ចាប់រំលោភរូបនាង៖ «ជនល្មើសទាំង ៥នាក់នេះ បើមិនបានប្រព្រឹត្តដោយផ្ទាល់ ក៏នៅជាប់ចោទពីបទផ្សំគំនិតបង្កើតឲ្យមានបទល្មើសនេះដែរ ព្រោះជនល្មើស ២នាក់នេះ បានដើរតួជាអ្នកដឹកជញ្ជូនកុមារីរងគ្រោះទៅឲ្យមិត្តភ័ក្ដិចាប់រំលោភ និងជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន ជាដើម ហើយនៅទីកន្លែងប្រព្រឹត្តល្មើសនោះ ជនសង្ស័យទាំង ២នាក់ ក៏មានវត្តមាននៅទីនោះដែរ»។
បញ្ហានេះ មន្ត្រីអង្កេតនៃអង្គការលីកាដូ លោក ឃុន សាវឿន ឲ្យដឹងថា បច្ចុប្បន្ននេះ ម្តាយ និងកុមារីរងគ្រោះ កំពុងព្រួយបារម្ភពីសុវត្ថិភាពក្នុងការរស់នៅ បន្ទាប់ពីតុលាការដោះលែងជនល្មើស ២នាក់ក្នុងចំណោម ៥នាក់ ដែលប៉ូលចាប់ខ្លួន ឲ្យមានសេរីភាពវិញ ព្រោះជនសង្ស័យទាំង ៥នាក់ បានព្រមានថា នឹងមានការសងសឹកពេលពួកគេរួចផុតពីសំណាញ់ច្បាប់៖ «មិនមែនតុលាការដោះលែងទេ គឺខាងសមត្ថកិច្ចនគរបាលក្រោយពីការចុះស្រាវជ្រាវមករកឃើញថា អ្នកជាប់ពាក់ព័ន្ធបទល្មើសនេះតែ ៤នាក់ទេ ហើយម្នាក់បានគេចខ្លួន និង ៣នាក់នៅក្នុងចំណោមជនសង្ស័យដែលប៉ូលិសចាប់ខ្លួនហ្នឹង បានប្រព្រឹត្តបទល្មើសទៅលើកុមារីរងគ្រោះដោយផ្ទាល់»។
ឆ្លើយតបបញ្ហានេះ អ្នកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការសម្រេចដោះលែងជនសង្ស័យចំនួន ២នាក់ ឲ្យរួចផុតការចោទប្រកាន់ គឺបានតាមរបាយការណ៍របស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ អ្នកស្រីបន្តថា តាមចម្លើយរបស់កុមារីរងគ្រោះនៅលើរបាយការណ៍ប៉ូលិស បង្ហាញថា មានជនសង្ស័យ ៣នាក់ទេ ដែលជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនេះ។ អ្នកស្រី ចាត សូរស្មី បានឲ្យដឹងថា គ្រប់ជនសង្ស័យទាក់ទងបទល្មើសផ្សេងៗដែលសមត្ថកិច្ចឃាត់ខ្លួន មិនមែនសុទ្ធតែត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនទាំងអស់ទេ៖«មិនមែនគ្រប់ជនសង្ស័យដែលប៉ូលិសឃាត់ខ្លួន ឬបញ្ជូនមកកាន់តុលាការ មិនមែនសុទ្ធតែតុលាការចោទប្រកាន់ និងឃុំខ្លួនទាំងអស់ទេ»។
ទោះជាបែបនេះក្តី តាមចម្លើយរបស់អាណាព្យាបាល ជាពិសេសកុមារីរងគ្រោះ បានប្រាប់វិទ្យុអាស៊ីសេរី ថា ជនល្មើស ២នាក់ដែលតុលាការលើកលែងការចោទប្រកាន់ គឺជាអ្នកផ្សំគំនិត និងបានដឹកជញ្ជូនកុមារីរងគ្រោះទៅឲ្យមិត្តភ័ក្ដិខ្លួនរំលោភ ហើយយប់នោះជនល្មើសទាំង ២នាក់ក៏មានវត្តមានដែរ។
ផ្ដើមពីបញ្ហានេះ កុមារីរងគ្រោះបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជួយរកយុត្តិធម៌ជូននាងដែលរងនូវភាពអយុត្តិធម៌។ ជាងនេះ កុមារីរងគ្រោះក៏ស្នើជួយពិនិត្យទៅលើរបាយការណ៍របស់ប៉ូលិស ដែលជួយកែច្នៃឲ្យជនល្មើស ២នាក់ អាចរួចផុតពីសំណាញ់ច្បាប់។
ត្រង់ចំណុចនេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តព្រះសីហនុ មានការសង្ស័យលើរបាយការណ៍របស់មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ ទៅលើសំណុំរឿងព្រហ្មទណ្ឌមួយនេះថា មានភាពមិនប្រក្រតី។ អ្នកស្រីបន្តថា ជនសង្ស័យរំលោភផ្លូវភេទទាំង ៥នាក់ដែលកុមារីរងគ្រោះចោទថា បានល្បួង និងចាប់រំលោភរូបនាងមានឈ្មោះ នុត វុត្ថា លាប ប៊ុន ថេត គឹម ស៊ីណា សួស សុវណ្ណារី និង ញ៊ឹម ដាវីដ។ ហើយថា ទោះក្នុងចំណោមជនសង្ស័យទាំង ៥នាក់មានជនសង្ស័យខ្លះបានរំលោភកុមារីរងគ្រោះផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ជាប់ចោទពីបទផ្សំគំនិតដែរ។
សំបុត្រពេទ្យមានចុះហត្ថលេខា និងត្រាដោយលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចុះថ្ងៃទី១៤ ខែសីហា បានទទួលស្គាល់ថា កុមារីរងគ្រោះត្រូវគេរំលោភផ្លូវភេទ ពិតជាបានទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យនេះរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ពិតមែន។
បញ្ហានេះ លោក ឃុន សាវឿន មន្ត្រីអង្កេតនៃអង្គការលីកាដូ ខេត្តព្រះសីហនុ ចាត់ទុករបាយការណ៍របស់សមត្ថកិច្ចប៉ូលិសខេត្តព្រះសីហនុ ថាអាចមានភាពមិនប្រក្រតី ឬបើកច្រកឲ្យតុលាការមិនអាចចោទប្រកាន់ជនសង្ស័យ ២នាក់ក្នុងចំណោម ៥នាក់ ដែលប៉ូលិសស្រុកកំពង់សីលា ចាប់ខ្លួន។ ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ឲ្យដឹងថា នឹងបន្តតាមដាននីតិវិធីរបស់តុលាការសាលាដំបូងខេត្តព្រះសីហនុ លើសំណុំរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទទៅលើកុមារីអាយុ ១៣ឆ្នាំ ឲ្យបានដិតដល់ថែមទៀត។
ចំណែកកុមារីរងគ្រោះ និងម្តាយ មានក្តីរំពឹងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថាអាចជួយស្វែងរកយុត្តិធម៌ជូនពួកគេ៕
ប្រភព ៖ http://www.rfa.org/
0 comments:
Post a Comment