ទោះបីជាខ្លួនពិការដៃទាំងពីរក្តី បុរសជនជាតិចិនវ័យ ៤៨ ឆ្នាំម្នាក់បានតស៊ូរស់ដើម្បីចិញ្ចឹមម្តាយចាស់ជរារបស់ខ្លួន។
យោងតាមវេបសាយ People's Daily Online លោក ឆេន ស៊ីនយីន ជាអ្នកស្រុករស់នៅក្នុងខេត្តចុងឈឹង ភាគនិរតីប្រទេសចិន ក្លាយជាអ្នកពិការដៃទាំងពីរដោយសារឆក់ខ្សែ ភ្លើងកាលនៅវ័យ ៧ ឆ្នាំ។
ចាប់ពេលនោះមក លោក ឆេន ស៊ីនយីន បានរៀនធ្វើម្ហូប ប្រកបរបរធ្វើកសិកម្ម និងមើលថែទាំម្តាយចាស់វ័យ ៩១ ឆ្នាំដែលមានកម្លាំងកំពុងតែចុះខ្សោយទៅៗដេកឈឺនៅលើគ្រែគួរឲ្យអាណោចអាធម។
ជាពិសេសមួយខែក្រោយនេះ ម្តាយគាត់មានអាការធ្ងន់ធ្ងរដេកកម្រើកដៃជើងមិនរួចឡើយ ដែលតម្រូវឲ្យកូនប្រុសពិការខាំពាំស្លាបព្រាដួសបាយបញ្ចុកម្ដាយគួរឲ្យអាសូរ។
ដោយសារពិការដៃទាំងពីរមិនអាចចាប់យកអ្វីបាននោះ លោក ឆេន ស៊ីនយីន បានរៀនប្រើជើងជំនួសដៃក្នុងកិច្ចការទាំងឡាយមិនថាក្នុង ឬក្រៅផ្ទះឡើយ។
កាលនៅវ័យ ១៤ ឆ្នាំ ឆេន ស៊ីនយីន ចាប់ផ្ដើមចិញ្ចឹមចៀម និងក្របី។ពេលវ័យ ២០ ឆ្នាំ លោកក៏ត្រូវជួបនូវគ្រោះកាចមួយទៀតឆក់យកជីវិតឪពុក ខណៈបងប្អូនបង្កើតក៏បែកផ្ទះសំបែងទៀត សល់តែម្តាយចាស់ជរារស់នៅយ៉ាងលំបាកវេទនា។
លោក ឆេន ស៊ីនយីន បានចាប់ផ្ដើមរៀនចម្អិនម្ហូប ធ្វើកិច្ចការផ្ទះ ផ្ដើមពីការប្រើជើងកៀបកាំបិតហាន់បន្លែ និងមុតជើងជាច្រើនដងទម្រាំស្ទាត់។
ឥឡូវនេះលោកមិនត្រឹមតែធ្វើកិច្ចការនៅផ្ទះបាយបាននោះទេ ថែមទាំងអាចធ្វើស្រែចម្ការ និងចិញ្ចឹមសត្វចៀមបាន ២៤ ក្បាល ក្របី ២ ក្បាល និងមាន់ ៤ ក្បាលទៀតផងដើម្បីជួយដោះស្រាយជីវភាគ្រួសារពីមួយឆ្នាំទៅមួយឆ្នាំ។
មានអ្នកភូមិម្នាក់ធ្លាប់បានឲ្យយោបល់គាត់ថា ពិការអ៊ីចឹងគួរតែទៅសុំទាននៅទីក្រុងធំៗទៅ អាចរកប្រាក់បានច្រើន។
តែលោក ឆេន ឆ្លើយតបទាំងកំហឹងថា៖«ខ្ញុំគ្មានដៃមែន តែខ្ញុំមានជើងទាំងពីរនៅល្អ ហើយខ្ញុំមិនអាចទៅរកលុយដោយវិធីសុំទានគេដាច់ខាត»៕
ប្រភព ៖ http://www.postkhmer.com/
0 comments:
Post a Comment